ដោយមើលឃើញថាការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងការជ្រើសរើសមុខជំនាញនៅតាម
មហាវិទ្យាល័យ គឺជាឧបសគ្គមួយដែលបានចោទឡើងចំពោះសិស្សទី១២ ទើបក្រុមនិស្សិតស្ម័គ្រចិត្តមកពីCambodian Peace Corp នឹងរៀបចំធ្វើពិពណ៌ការសិក្សា នៅក្រុងសួង ខេត្តកំពង់ចាម ដើម្បីណែនាំដល់សិស្សានុសិស្ស ឱ្យមានបទពិសោធន៏ ក៏ដូចជាចំនេះដឹងខ្លះក្នុងការជ្រើសរើសមុខវិជ្ជា។ ទស្សនាវដ្តីLiftបានចុះទៅធ្វើការពិភាក្សានិងសាកសួរក្រុមនិស្សិតស្ម័គ្រចិត្តទាំងអស់នោះ ដើម្បីចង់ដឹងពីបទពិសោធរបស់ពួកគេ និងថាតើពួកគេនឹងនាំយកបទពិសោធព្រមទាំងគំនិតល្អៗអ្វីខ្លះទៅចែករំលែកដល់សិស្សនៅក្រុងសួង ខេត្តកំពង់ចាម។
នៅពេលដែលជីវភាពគ្រួសារ សមត្ថភាពផ្ទាល់ខ្លួន និងការអនុញ្ញាតពីគ្រួសារលែងជាបញ្ហា មានន័យថាសិស្សានុសិស្សអាចមកបន្តការសិក្សានៅមហាវិទ្យាល័យបានហើយ តែទោះជាយ៉ាងនេះមែន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជានិងសាលាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាគឺជាដំណាក់កាលលំបាកមួយសម្រាប់ពួកគេ។
នាក់ ភក្ដី សព្វថ្ងៃជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ផ្នែកភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស បានលើកឡើងថាសិស្សភាគច្រើនមានការលំបាកក្នុងការជ្រើសរើសមុខវិជ្ជានិងសាលាដើម្បីរៀនបន្តដោយមូលហេតុថាពួកគេទទួលបានពត៌មានមិនគ្រប់គ្រាន់អំពីមុខវិជ្ជានីមួយៗ និងពត៌មានពីសាលាដែលបង្រៀនមុខវិជ្ជាទាំងនោះផងដែរ។
ដោយមានស្រុកកំណើតនៅ ឯក្រុងព្រះសីហនុ ភក្តីបានរម្លឹកឡើងវិញថាកាលពីខ្លួននៅរៀនថ្នាក់ទី១២ គេក៏មិនបានទទួលពត៌មានគ្រប់គ្រាន់ពីមុខវិជ្ជានិងសកលវិទ្យាល័យនៅទីក្រុងភ្នំពេញទេ បើទោះបីជាមានការចុះទៅផ្សព្វផ្សាយខ្លះៗក៏ដោយ។ តាមរយៈការនិយាយប្រាប់ពីមិត្តភក្តិ ភក្តីបានសម្រេចចិត្តរៀនផ្នែកសំណង់ស៊ីវិលនៅសកលវិទ្យាល័យន័រតុន ដោយពេលនោះគេនៅតែមិនទាន់ដឹងថាខ្លួនឯងស្រលាញ់មុខវិជ្ជាអ្វីច្បាស់លាស់នោះឡើយ។ ភក្តីបន្តថា “បន្ទាប់ពីការសិក្សាមួយឆ្នាំខ្ញុំក៏ស្វែងយល់ថាមុខវិជ្ជាដែលខ្លួនឯងចូលចិត្តគឺភាសាអង់គ្លេស ដូច្នេះខ្ញុំក៏សម្រេចចិត្តបោះបង់ចោលមុខវិជ្ជាសំណង់ស៊ីវិលចោល ហើយអ្វីដែលខ្ញុំខាតគឺពេលវេលាមួយឆ្នាំរៀនមុខវិជ្ជាដែលខ្លួនមិនពេញចិត្ត”។
រឿងរ៉ាវចំពោះ ឈឹមសុធារិទ្ធិ ក៏មិនខុសគ្នាពីភក្តីប៉ុន្មានដែរ។ បច្ចុប្បន្នសុធារិទ្ធកំពុងសិក្សាពីរមុខវិជ្ជាគឺមុខវិជ្ជាអក្សរសាស្រ្តអង់គ្លេសនៅIFL និងវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យបៀលប្រាយ។ ថ្វីត្បិតតែសុធារិទ្ធជ្រើសរើសមុខវិជ្ជាទាំងពីរដោយការស្រលាញ់ពេញចិត្តពិតមែន តែនៅពេលដែលរើស គេក៏មិនបានដឹងថាតើមុខវិជ្ជាទាំងពីររៀនពីអ្វីខ្លះ ហើយឱកាសការងារយ៉ាងម៉េចនោះក៏មិនដឹងដែរ។
ដោយសារតែពត៌មានទាក់ទងនឹងការសិក្សាមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយ សិស្សភាគច្រើនសម្រេចជ្រើសយកមុខវិជ្ជាសិក្សាទៅតាមការដែលពួកគេគិតថាតើមុខវិជ្ជានោះពេញនិយមឫក៏អត់។
មានមតិជាច្រើនយល់ខុសៗគ្នាអំពីមុខវិជ្ជាដែលកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជា តួយ៉ាងភក្តីបានឱ្យដឹងថានៅក្នុងខេត្តរបស់គេផ្នែកវិទ្យាសាស្រ្តកុំព្យូរទ័រនិង ផ្នែកគ្រប់គ្រង ជាមុខវិជ្ជាពេញនិយមជាងគេព្រោះវានៅតែអាចឈរជើងបានខណៈពេលដែលមុខវិទ្យាមួយចំនួនទៀតត្រូវបានបិទដោយខ្វះសិស្សរៀន។
ចំណែកឯនៅទីក្រុងភ្នំពេញ ភក្តីយល់ថាមុខវិជ្ជាគណនេយ្យ ជាមុខវិជ្ជាដែលទទួលបានការពេញនិយមជាពិសេសពីសំណាក់សិស្សស្រីៗ ដោយមូលហេតុថាពួកគេសម្លឹងមើលឃើញមុខវិជ្ជានេះអាចផ្តល់ការងារឱ្យពួកគេបានស្រួលនៅពេលដែលពួកគេបញ្ចប់ការសិក្សា។
ចំនែកនិស្សិតម៉ាត់ សារី សព្វថ្ងៃជានិស្សិតឆ្នាំទី១ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ចវិញយល់ថាផ្នែកសំណង់ ទទួលបានការនិយមច្រើនព្រោះសិស្សភាគច្រើនយល់ថាប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះការសាងសង់នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដូចជាផ្ទះធំៗ ផ្លូវថ្នល់ ស្ពានជាដើម។ តែបើតាមគំនិតរបស់សុធារិទ្ធិវិញ ផ្នែកធនាគារក៏ជាមុខវិជ្ជាដែលទទួលបានការពេញនិយមដែរ ព្រោះនៅក្នុងប្រទេសកម្ពុជាមានធនាគារជាច្រើនទាំងធនាគារជាតិនិងធនាគារអន្តរជាតិ ហេតុនេះហើយនិស្សិតភាគច្រើនគិតថានឹងងាយស្រួលមានការងារធ្វើនៅពេលដែលបញ្ចប់ការសិក្សាផ្នែកធនាគារ។
រីឯភោគ ផល្លីគុល សព្វថ្ងៃជានិស្សិតឆ្នាំទី៤ផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច បែរជាយល់ថាផ្នែកអក្សរសាស្រ្តអង់គ្លេសជាមុខវិជ្ជាពេញនិយម ព្រោះនាងសង្កេតឃើញថានិស្សិតភាគច្រើនចាប់យកមុខវិជ្ជាអក្សរសាស្រ្តអង់គ្លេសទន្ទឹមគ្នានឹងមុខជំនាញមួយទៀត ដោយក្តីរំពឹងថាភាសាអង់គ្លេសជាស្ពានជួយឱ្យការសិក្សាមុខជំនាញមួយទៀតរបស់គេឆ្ពោះទៅមុខល្អ ព្រោះសម័យនេះឯកសារភាគច្រើនត្រូវបានគេសរសេរឡើងជាភាសាអង់គ្លេស។
តាមពិតទៅមុខវិជ្ជាអ្វីក៏ដោយ សុទ្ធតែល្អដូចៗគ្នាហើយអាចឱ្យមនុស្សរកប្រាក់ចំនូលបានច្រើនដូចគ្នាប្រសិនបើពួកគេចេះមុខវិជ្ជានោះច្បាស់លាស់ដូចពាក្យមួយឃ្លាពោលថា”មិនមែនមនុស្សខ្វះការងារធ្វើទេ គឺមានតែការងារទេដែលខ្វះមនុស្សទៅធ្វើ”។ ឈឹម សុធារិទ្ធ ប្រាប់ថាតាមបទពិសោធដែលគាត់ធ្លាប់ជួបជាមួយអ្នកជ្រើសរើសបុគ្គលិកនិងអ្នកស្វែងរកការងារធ្វើ គាត់សង្កេតឃើញភាពខុសប្លែកគ្នាដោយ អ្នកស្វែងរកការងារនិយាយថាពិបាកស្វែងរកការងារ តែអ្នកជ្រើសរើសបុគ្គលិកនិយាយថាពិបាកជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពមកធ្វើការ។ សុធារិទ្ធបន្តថានេះគឺមកពីនិស្សិតមួយចំនួន ពួកគាត់រៀនដោយការមិនចូលចិត្តឫមិនដឹងថាតើពួកគេកំពុងតែរៀនអំពីអ្វីទាល់តែសោះ។
ការរើសមុខវិជ្ជាមួយឱ្យត្រឹមត្រូវ មានន័យថាបុគ្គលខ្លួនឯងយ៉ាងហោចណាស់ត្រូវតែមានការស្រលាញ់ពេញចិត្ត ចុះបើការរើសដោយខ្លួនឯងមិនពេញចិត្តនឹងមានអ្វីកើតឡើង?
នូវ គីមហៀក មកពីខេត្តកំពង់ចាម ជានិស្សិតឆ្នាំទីមួយផ្នែកធនាគារ នៅវិទ្យាស្ថាន សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថាផ្នែកសេដ្ឋកិច្ចមិនមែនជាមុខវិជ្ជាដែលនាងពេញចិត្តនោះទេ ហេតុនេះហើយទើបបណ្តាលឱ្យនាងចាប់យកមុខវិជ្ជាមួយទៀតគឺផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។ គីមហៀកថ្លែងថាសព្វថ្ងៃខ្ញុំរៀនពីរមុខ ដោយមុខវិជ្ជាសេដ្ឋកិច្ចជាមុខវិជ្ជា ដែលឪពុកម្តាយនិងបងប្អូនខ្ញុំស្រលាញ់ ឯមុខវិជ្ជាខាងទំនាក់ទំនងអន្តរជាតិទើបជាអ្វីដែលខ្ញុំស្រលាញ់។
ឈឹម សុធារិទ្ធបានលើកឡើងថាសិស្សមួយចំនួនមិនបានជ្រើសរើសរៀនមុខវិជ្ជាផ្នែកកសិកម្មឡើយ ដោយពួកគេមិនបានគិតដល់ថាសេដ្ឋកិច្ចនៃប្រទេសកម្ពុជា១ផ្នែកធំគឺពឹងផ្អែកលើវិស័យកសិកម្ម។
ឈឹម សុធារិទ្ធ បន្តទៀតថាអ្នកមួយចំនួនយល់ខុសថាការរៀនកសិកម្មពេលចប់គ្មានអាចធ្វើអ្វីបានក្រៅពីធ្វើស្រែ តែតាមពិតពួកគេអាចមានលទ្ធភាពច្រើនក្នុងការជួយដល់ខ្លួនគេនិងសហគមន៍៕
Written by: Dara Saoyuth and Koam Tivea
This article was published on Lift, Issue 22, June 9, 2010