Image via CrunchBase
ស្របពេលដែលមនុស្សភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត បានដោយមិនចាំបាច់មានការលំបាកដូចកាលពីប៉ុន្មានឆ្នាំមុន យុវជនកម្ពុជាបានចាប់យកប្រព័ន្ធមួយនេះដើម្បីផ្សព្វផ្សាយនូវ សំឡេងរបស់ពួកគេទៅកាន់ពិភពលោក។ ជាក់ស្តែងដូចជាការផ្សព្វផ្សាយដែលត្រូវបានធ្វើឡើងទាក់ទងនឹង ព្រឹត្តិការណ៍រត់ជាន់គ្នានៅស្ពានពេជ្រដែលបណ្តាលឱ្យមនុស្សរាប់ រយនាក់ស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតរងរបួស។
បណ្តាញសង្គមមួយចំនួនរួមមាន Blog, Facebook និងYouTube ត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយពត៌មាន រូបភាព និងខ្សែវីដេអូទាក់ទងនឹងសោកនាដកម្មមួយនេះ ហើយជាលទ្ធផលអ្នកដែលកំពុងតែប្រើប្រាស់បណ្តាញសង្គមនៅពេលនោះ អាចទទួលបាននូវព័ត៌មានពីហេតុការណ៍នោះបានលឿនជាងប្រព័ន្ធ ផ្សព្វផ្សាយដទៃទៀតដូចជាវិទ្យុ និងទូរទស្សន៍ជា ដើម។
ប្រសិនបើអ្នកបើកចូលក្នុងគណនី Facebook របស់អ្នកនៅថ្ងៃនេះ ប្រាកដណាស់ថា អ្នកនៅតែអាចឃើញមិត្តមួយចំនួនរបស់អ្នកនៅតែបន្តធ្វើការ ពិភាក្សាអំពី ព្រឹត្តិការណ៍ដែលកើតឡើងនៅលើស្ពានកាលពី ថ្ងៃទី ២២ ខែវិច្ឆិកានោះ។ កញ្ញាសេង សូលីដែត ជាជនជាតិខ្មែរមួយរូបដែលកំពុងតែបន្តការសិក្សាថ្នាក់មហា វិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាងបានដឹងពីសោកនាដកម្មនៅលើស្ពានកោះពេជ្រតាមរយៈ Facebook។
នាងមានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំបើកចូលក្នុងគណនេយ្យរបស់ខ្ញុំនៅព្រឹកថ្ងៃកើត ហេតុ ខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំបានធ្វើការជជែកពិភាក្សាពីឧបទ្ទវ ហេតុនេះតាំងពីពេលដែលវាចាប់ផ្តើមកើតឡើងភ្លាមៗមកម្លេះ។ កញ្ញាបានបន្តថាការដឹងព័ត៌មានខ្លះពី Facebook នេះជំរុញឱ្យនាងបន្តធ្វើការស្រាវជ្រាវ និងអានបន្តនូវអត្ថបទដទៃទៀតទាក់ទងនឹងព្រឹត្តិការណ៍នេះដើម្បី ស្វែងយល់បន្ថែមពីអ្វីដែលកើតឡើងពិតប្រាកដចំពោះជាតិខ្មែរ។
កញ្ញាសេង សូលីដែត ក៏មិនខុសគ្នាពីប្រជាពលរដ្ឋខ្មែររាប់រយនាក់ផ្សេងទៀតដែរ ដែលបានផ្លាស់ប្តូររូបរបស់នាងនៅក្នុងFacebook ទៅជាផ្ទាំងខ្មៅមួយផ្ទាំងដែលមានអក្សរជាភាសាអង់គ្លេសពណ៌ស មានន័យថា «ពួកយើងកាន់ទុក្ខនៅថ្ងៃ២២ វិច្ឆិកា ២០១០»។ នាងផងដែរបានសរសេរនៅក្នុងផ្ទាំង Facebook របស់នាងជាភាសាខ្មែរមានន័យថា៖«ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងសោកនាដកម្មដ៏សែនរន្ធត់នេះ»។
លី ទីណេត ជាជនជាតិខ្មែរម្នាក់ទៀតដែលកំពុងតែបន្តការសិក្សាផ្នែកសេដ្ឋ កិច្ច ជនបទ និងសង្គមវិទ្យា នៅក្នុងប្រទេសវៀតណាម បានឱ្យដឹងថាគាត់ទទួលព័ត៌មានពីព្រឹតិ្តការណ៍ដ៏សោកសៅនេះតាមរយៈ គេហទំព័រ www.khmerlive.tv ដែលបានធ្វើការផ្សាយផ្ទាល់ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធី បុណ្យអុំទូក។ បន្ទាប់ពីទទួលដឹងព័ត៌មាននេះលី ទីណេតក៏បានផ្លាស់ប្តូររូបសម្គាល់ខ្លួននៅក្នុង Facebook ហើយក៏បានសសេរជាសារខ្លីៗទាក់ទងនឹងព្រឹត្តិការណ៍កោះពេជ្រដាក់ នៅ លើផ្ទាំង Facebook របស់គាត់ផងដែរ។
លី ទីណេត បានឱ្យដឹងថា៖ «ខ្ញុំធ្វើការផ្លាស់ប្តូររូបភាពក៏ដូចជាសរសេរអ្វីផ្សេងៗទាំង នេះ គឺចង់ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ នឹងដើម្បីបង្ហាញថាប្រជាជនខ្មែរតែងតែចេះជួយគ្នា និងយកចិត្តទុកដាក់ចំពោះគ្នានៅពេលដែលមានរឿងហេតុអាក្រក់កើត ឡើងម្តងៗ»។
ក្រៅពី Facebook អ្នកទាំងអស់គ្នាអាចរកឃើញអត្ថបទជាច្រើន ត្រូវបានសរសេរឡើងដោយជនជាតិខ្មែរ និងបង្ហាញនៅលើប្លុកផ្ទាល់ខ្លួនរបស់ពួកគេក្នុងទម្រង់ផ្សេងៗ គ្នា។ ចំពោះអ្នកមួយចំនួន ពួកគេគ្រាន់តែអានព័ត៌មានដែលធ្វើការចុះផ្សាយតាមរយៈស្ថាប័នពត៌ មានផ្សេងៗរួចធ្វើការសង្ខេបព័ត៌មានទាំងនោះសម្រាប់ដាក់ក្នុង ប្លុករបស់ពួកគេតែម្តង។ ចំណែកអ្នកខ្លះបានព្យាយាមបង្ហាញនូវទស្សនៈ ក៏ដូចជាការប៉ាន់ស្មានទៅលើអ្វីដែលបានកើតឡើងចំពោះព្រឹត្តិ ការណ៍នេះ។
ម៉ៅ ពិសិដ្ឋ ជាម្ចាស់ប្លុកឈ្មោះ កំណត់ហេតុពិសិដ្ឋ (http://mpsinfor.wordpress.com ) ហើយលោកបានសរសេរអត្ថបទចំនួនពីរផ្សេងៗគ្នាទាក់ទងនឹង ព្រឹត្តិការណ៍កើតឡើងនៅកោះពេជ្រ។ ម៉ៅ ពិសិដ្ឋ បានឱ្យដឹងថាគាត់ចូលចិត្តសរសេរប្លុកដោយសារតែ ប្លុកចំពោះគាត់គឺសម្រាប់ជាកំណត់ហេតុផ្ទាល់ខ្លួនផង និងអាចមានជាប្រយោជន៍ដល់អ្នកដទៃដែលបានអានផងដែរ។ នៅក្នុងអត្ថបទទាំងពីររបស់គាត់ ម៉ៅ ពិសិដ្ឋ បញ្ចេញនូវទស្សនផ្ទាល់ខ្លួនដើម្បីបង្ហាញនូវការបារម្ភ និងដើម្បីជួយឱ្យអ្នកដែលបានអានគិតឡើងវិញនូវរាល់ពាក្យចចាម អារាម ផ្សេងៗដែលទាក់ទងនឹងសោកនាដកម្ម។
ម៉ៅ ពិសិដ្ឋមានប្រសាសន៍ថា៖ «ខ្ញុំគិតថាអ្វីដែលបានកើតឡើងនៅកោះពេជ្រមិនមែនជារឿងធម្មតា នោះទេ ព្រោះមនុស្សម្នានៅតែបន្តកាន់ទុក្ខចំពោះអ្នកដែលបានស្លាប់បាត់ បង់ជីវិត»។ លោកបន្តថាគាត់មិនចង់ឱ្យអ្នកដែលនៅរស់រានមានជីវិតកាន់តែមាន ការភ័យខ្លាចជាមួយនឹងពាក្យចចាមអារាមផ្សេងៗនោះទេ ហេតុនេះទើបគាត់សរសេរទាក់ទងពីកត្តាទាំងអស់នេះដាក់ ក្នុងប្លុករបស់គាត់។ អត្ថបទភាគច្រើនរបស់ ម៉ៅ ពិសិដ្ឋ ត្រូវបានសរសេរជាភាសាអង់គ្លេស ប៉ុន្តែសម្រាប់រឿងទាំងពីរនេះត្រូវបានសរសេរជាភាសារខ្មែរដោយមាន បកប្រែជាភាសាអង់គ្លេសនៅពីខាងក្រោម។
ម៉ៅ ពិសិដ្ឋបានឱ្យដឹងថា៖ «ខ្ញុំព្យាយាមសរសេររឿងទាំងនេះជាពីរភាសា គឺដើម្បីឱ្យអ្នកទស្សនាទាំងជនបរទេស ទាំងជនជាតិខ្មែរអាចអានបាន។ បុរសអាយុ ២៦ឆ្នាំរូបនេះបានបន្តថា ចំពោះអ្នកដែលមិនមានពុម្ពអក្សរយូនីកូដ ពួកគាត់ក៏អាចអានជាភាសាអង់គ្លេសបានដែរ។
ទាក់ទងនឹងការដែលថាតើ អត្ថបទទាំងអស់នេះនឹងត្រូវបាន ផ្សព្វផ្សាយទៅដល់អ្នកទស្សនា បានច្រើនប៉ុណ្ណានោះ ម៉ៅ ពិសិដ្ឋ បានឱ្យដឹងថាគាត់មិនធានាថាវាអាចទៅដល់មនុស្សច្រើននោះទេ តែបើតាមស្ថិតិក្នុងប្លុករបស់គាត់បញ្ជាក់ថាវាបានទៅដល់មនុស្ស ច្រើនគួរសមដែរ ហើយបើយ៉ាងហោចណាស់ក៏ពាក់កណ្តាលនៃ មិត្តភក្តិរបស់គាត់ជាង៧០០នាក់នៅក្នុងFacebook បានអានអំពីវាដែរ ព្រោះ តែគាត់បានចែករំលែកវានៅក្នុង Facebook ផងដែរ។
បើទោះបីជាព័ត៌មានដែលចេញមកពីបណ្តាញសង្គមទាំងអស់នេះត្រូវ បាន គេចាត់ទុកថាជាព័ត៌មានក្រៅផ្លូវការដោយសារតែមិនមានអ្នកត្រួត ពិនិត្យមុនពេលបោះពុម្ព យ៉ាងហោចណាស់ក៏វាបានផ្តល់នូវព័ត៌មាននិងសាវតានៃរឿងទៅដល់ អ្នកដែលមិនទាន់បានដឹងសោះពីព្រឹត្តិការណ៍ណាមួយនោះដែរ៕
By: Dara Saoyuth
This article was published on Lift, Issue 47 published on December 02, 2010
You can also read the article on Phnom Penh Post website by CLICKING HERE
Related Articles