សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា “សមាគមក្សេមក្សាន្ត” រៀបចំធ្វើមហាសន្និបាត និងសន្និសីទសាធារណៈរបស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយពីការបើកសម្ភោធចាប់ដំណើរការសមាគម។ សន្និសីទរយៈពេលជាង២ម៉ោងនេះ ប្រារព្វធ្វើឡើងកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០១០ នៅឯទីស្នាក់ការរបស់អង្គការNGO Forum of Cambodia ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជនទូទៅ ទាំងប្រជាជនខ្មែរ ក៏ដូចជាជនបរទេស មន្រ្តីរាជការ អង្គការក្រៅរដ្ឋាភិបាល និងអ្នកយកពត៌មានមកពីស្ថាប័ននានា។
“សមាគមក្សេមក្សាន្ត” គឺជាសមាគមដំបូងគេដែលធ្វើការជាមួយនឹងជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងស្វែងរកការពិត និងផ្តល់ជាសំណងដល់ជនរងគ្រោះទាំងនោះ។ ពាក្យស្លោករបស់សមាគម គឺ “រួមគ្នាដើម្បីការពិត យុត្តិធម៌ សុខុដុមនីយកម្មសង្គមវប្បធម៌សន្តិភាព និងការសះជាផ្លូវចិត្ត”។
លោក ជុំ ស៊ីរ៉ាត់ ជាអនុប្រធានរបស់សមាគមក្សេមក្សាន្ត បានពន្យល់ទាក់ទងនឹងឈ្មោះរបស់សមាគមយ៉ាងដូច្នេះថា “បានជាពួកយើងជ្រើសរើសយកឈ្មោះ ក្សេមក្សាន្ត ព្រោះនៅក្នុងភាសាខ្មែពាក្យ ក្សេម មានន័យថា សេចក្តីសុខសប្បាយ រីឯ ក្សាន្ត មានន័យថា ភាពស្ងប់ស្ងាត់ចាកពីទុក្ខ ដែលវាសមស្របនឹងទស្សនវិស័យរបស់សមាគមគឺ ធ្វើឱ្យបានសេចក្តីសុខក្សេមក្សាន្តនៅក្នុងជាតិនេះនឹងនៅជាតិមុខ”។
សមាគមក្សេមក្សាន្ត មានបំណងប្រាថ្នាធំៗចំនួន៣គឺ ទីមួយចង់ធ្វើការអភិរក្សឆ្អឹងនៅទួលស្លែង ជើងឯក និងទីឃុំឃាំងដទៃទៀត រីឯទី២គឺ សាងសង់ស្តូបដែលមានឈ្មោះជនរងគ្រោះចំនួន ១៧០០០នាក់ដែលទទួលរងទារុណកម្មនិងសម្លាប់នៅទួលស្លែងនិងជើងឯក ចំនែកទីបីនោះគឺធ្វើពិធីបួងសួងបង្សុកូលនៅទួលស្លែងនៅថ្ងៃប្រកាសសាលក្រមឌុច។
រហូតមកទល់នឹងពេលនេះសមាគមក្សេមក្សាន្តទទួលបានសមាជិកចំនួន៤៥១នាក់ ដោយឡែកបុរសចំនួន១២៦ ស្រ្តី៣២៥ ហើយសមាជិកម្នាក់ៗត្រូវបង់ជាវិភាគទានចំពោះសមាគមចំនួន៤០០០រៀលក្នុងមួយខែ ព្រោះសមាគមចង់ពឹងផ្អែកលើមធ្យោបាយផ្ទាល់របស់សមាជិកសម្រាប់ប្រតិបត្តិការណ៍ពីមួយថ្ងៃទៅមួយថ្ងៃ តែបើសមាជិកមិនមានលទ្ធភាពបង់ក៏មិនជាបញ្ហាអ្វីដែរ។
សមាជិករបស់សមាគមភាគច្រើនមានទីលំនៅនៅតាមបណ្តាខេត្ត តែពួកគេបានឆ្លៀតមកចូលរួមក្នុងកិច្ចប្រជុំនានារបស់សមាគមដែលជាទូទៅធ្វើឡើងនៅរាជធានីភ្នំពេញ។ អ្នកស្រីសំ ស៊ីថា ជាសមាជិកម្នាក់របស់សមាគម បានឱ្យដឹងថានៅពេលដែលចូលក្នុងសមាគមនេះ អ្នកស្រីនឹងអាចទទួលបាននូវភាពយុត្តិធម៌ ព្រមទាំងអាចជួយដល់ជនផ្សេងទៀតដែលធ្លាប់ជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដូចជាអ្នកស្រីបាន។ ដោយមានទីលំនៅនៅឯខេត្តព្រៃវែង អ្នកស្រីបញ្ជាក់ថាអ្នកស្រីនឹងឆ្លៀតមកចូលរួមនូវរាល់ការប្រជុំរបស់សមាគម ហើយអ្នកស្រីក៏មានគោលបំណងមួយទៀតគឺចង់ចងក្រងនូវខ្សែជីវិតផ្ទាល់ខ្លួននៅក្នុងរបបខ្មែរក្រហម ឱ្យសមាគមជួយបោះពុម្ពដើម្បីទុកជាឯកសារនិងភស្តុតាងសម្រាប់កូនចៅជំនាន់ក្រោយ។
អ្នកស្រី គាម ស៊យ ធ្វើដំណើរតាំងពីខេត្តក្រចេះមករាជធានីភ្នំពេញដើម្បីចូលរួមក្នុងសន្និសិទនេះ។ អ្នកស្រីស៊យ និយាយថាគាត់បានទទួលដំណឹងពីសមាគមថាមានការប្រជុំនៅថ្ងៃនេះ រួចក៏ធ្វើដំណើរមកតែម្តងព្រោះគាត់ពិតជាចង់ចូលរួមនៅក្នុងសមាគមនេះមែនទែន។ អ្នកស្រីបន្តទៀតថា ប្រាក់វិភាគទាន៤០០០រៀលក្នុងមួយខែជាតម្លៃមួយសមរម្យ សំខាន់គឺធ្វើយ៉ាងម៉េចឱ្យតែសមាគមអាចដំណើររការទៅមុខបានជាស្ថិតស្ថេរអ្នកស្រីពេញចិត្តនឹងចូលរួម។
ក្នុងតួនាទីជាអនុប្រធានផ្នែករដ្ឋបាលរបស់សមាគមក្សេមក្សាន្ត លោកអ៊ុច ស៊ុនឡាយ និយាយថាគាត់មានការសប្បាយរីករាយណាស់នៅពេលដែលឃើញមានសមាជិកមកចូលរួមក្នុងការប្រជុំ និងម្នាក់ៗសុទ្ធតែស្ម័គ្រចិត្តចូលវិភាគទានជួយសមាគមយ៉ាងច្រើនកុះកររបៀបនេះ។ មានទីលំនៅនៅឯខេត្តក្រចេះ លោកស៊ុនឡាយ ឱ្យដឹងថាគាត់ធ្វើការនៅក្នុងសមាគមនេះជាអ្នកស្ម័គ្រចិត្តដោយមិនយកប្រាក់កំរៃអ្វីឡើយ តែលោកក៏ដូចជាសមាជិកដទៃទៀតដែរប្រថ្នាតែម្យ៉ាងគឺសូមឱ្យសមាគមអាចដំណើរការទៅមុខដោយរលូននិងស្ថិតស្ថេរ៕
Written by: Dara Saoyuth
Written date: 26/03/2010
For Ksem Ksan Association website Click Here